ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត បានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំការងារប្រចាំខែ ផ្នែកជំងឺមហារីក និងជំងឺឈាម នាអគារតេជោតេជោសន្តិភាព

ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត បានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំការងារប្រចាំខែ ផ្នែកជំងឺមហារីក និងជំងឺឈាម នាអគារតេជោតេជោសន្តិភាព

នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត បានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំការងារប្រចាំខែ ផ្នែកជំងឺមហារីក និងជំងឺឈាម នាអគារតេជោតេជោសន្តិភាព។

  • កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ៖
  • វិន័យម៉ោងពេលការងារ
  • ឥរិយាបទ និងការទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងសហភាតារៈ
  • ពង្រឹងបណ្តុះបណ្តាលធនធានមនុស្ស និងការងារបច្ចេកទេសនៃសេវាព្យាបាលអ្នកជំងឺមហារីក
  • ចូលរួមក្នុងការបណ្តុះបណ្តាលបន្តជាពិសេស
  • ទិសដៅការងារ ដើម្បីជម្រុញការងារផ្តល់សេវាព្យាបាលជំងឺមហារីកឲ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពខ្ពស់ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយករងក៏បានផ្តោតសំខាន់ទៅលើកត្តា ៤ ចំណុច ៖
– ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងចក្ខុវិស័យរបស់មន្ទីរពេទ្យកាល់ម៉ែត គឺតែមួយ ពោលគឺកែលម្អវិស័យសុខាភិបាលឱ្យកាន់តែជាទីទុកចិត្តរបស់ប្រជាជនខ្មែរ។

– យើងម្នាក់ៗត្រូវកសាង និងរក្សានូវគុណជាតល្អៗដូចជាសេចក្ដីអាណិតអាសូរ ការយកចិត្តទុកដាក់ក្នុងការងារ ការស្រឡាញ់រាប់អាន និងការខិតខំរៀនសូត្រជាប្រចាំ។

– យើងធ្វើការរួមគ្នា ដើម្បីប្រយោជន៍រួម ហើយដើម្បីសម្រេចការងារឱ្យកាន់តែល្អទាំងអស់គ្នា។

– ផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត គឺជាផ្នែកមហារីកឈានមុខគេ និងជាគំរូក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវខិតខំធ្វើការទាំងអស់គ្នាដើម្បីសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ចក្ខុវិស័យរបស់មន្ទីរពេទ្យកាល់ម៉ែត ចក្ខុវិស័យរបស់ផ្នែកមហារីក ក៏ដូចជាចក្ខុវិស័យរបស់យើងម្នាក់ៗ នោះគឺវិស័យសុខាភិបាលជាទីទុកចិត្តសម្រាប់ប្រជាជនយើង ញាតិមិត្តយើង និងសម្រាប់ខ្លួនយើង។

ខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក!

ខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក!

ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។

ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖

ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ

  • ការរលាកថ្លើម ឫក្រិនថ្លើម
  • គ្រួសក្នុងថង់ទឹកប្រម៉ាត់
  • ការរលាកលំពែងរ៉ាំរ៉ៃ
  • ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ
  • មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)

ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។

ខ) រោគសញ្ញារួមមាន៖

  • ការឡើងលឿងតាមស្បែក និងភ្នែក
  • រមាស់លើស្បែក
  • លាមកពណ៌ស
  • ទឹកនោមលឿងចាស់
  • រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា៖
    • ​ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ
    • ស្ទាបប៉ះដុំពោះ
    • ថ្លើមរីក
    • ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។

គ) ការធ្វើរោគវិនិច្ឆ័យ៖

រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។

ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។

ឃ) ការព្យាបាល៖

ការព្យាបាលខាន់លឿងមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្ករជំងឺ ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។

ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្នើសុំនូវការវិភាគអមវេជ្ជសាស្ត្រ មួយចំនួនដែលមានលក្ខណៈចាំបាច់សំរាប់អ្នកជំងឺ។

“ដូច្នេះបើលោកអ្នកមានលេចចេញនូវរោគសញ្ញាកើតលឿងដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័សទាន់ពេលវេលា រួមជាមួយវិធីសាស្ត្រនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ!

ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ!

ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។

១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖

  • អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
  • អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។

២) រោគសញ្ញា៖

  • ឈឺក្បាលខ្លាំង ភ្លាមៗ
  • មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)
  • វង្វេងស្មារតី ឬសន្លប់

៣) មូលហេតុ៖

យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖

  • ជំងឺទឹកនោមផ្អែម
  • ការពិសារស្រា និងបារីច្រើន

៤) ការធ្វើរោគវិនិច្ឆ័យ៖

ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។

៥) ការព្យាបាល៖

ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖

  • គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
  • ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
  • ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។

ខ) ការព្យាបាលដោយការវះកាត់៖

គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។

យើងធ្វើការវះកាត់នៅពេលដែល៖

  • ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
  • អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
  • ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង

“បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត ជាមួយនឹងក្រុមការងារចំរុះគ្រូពេទ្យឯកទេស ផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាលច្បាស់លាស់ ដែលទទួលបាននូវបទពិសោធន៏ និងការបណ្តុះបណ្តាលជំនាញនៅប្រទេសបារាំងជាច្រើនឆ្នាំ គួបផ្សំនឹងលទ្ធភាពនៃសំភារៈបរិក្ខារវះកាត់បច្ចេកវិទ្យាទំនើបៗ បាន និងកំពុងទទួលពិគ្រោះ និងព្យាបាលវះកាត់គ្រប់ករណី និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាម ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺយើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។”