សូមមេត្តាកុំមើលរំលងការរាគរូសរ៉ាំរៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ!

Feb 11, 2020 | Gastroenterology and Liver | 0 comments

ការរាគរ៉ាំរៃ ជាបញ្ហាមួយដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ។

ក) មូលហេតុ

  • កត្តាបង្កឲ្យមានការរាគរ៉ាំរៃគឺមានច្រើន ហើយពេលខ្លះគឺតម្រូវអោយមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្រ្តលក្ខណៈឯកទេសផងដែរដូចជាៈ
  • ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ
  • ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire)
  • ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux)
  • មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)
  • ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie)
  • ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ
  • ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)
  • វាក៏អាចបណ្តាលមកពីការពិសារឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។)

ខ) រោគសញ្ញា

  • រោគសញ្ញាដែលអាចមានអមមកជាមួយការរាគរូសរ៉ាំរៃមានៈ
  • ក្តៅខ្លួន រងារញាក់
  • ឈឺចុកចាប់ក្នុងពោះ
  • លាមកមានលាយឈាម សំបោរ ឬខ្ទុះ
  • ស្រកទម្ងន់លឿន និងខុសពីធម្មតា
  • អស់កម្លាំង ល្ហិតល្ហៃ
  • ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
  • មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
  • ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាគរូសរ៉ាំរៃនេះ។ល។

គ) ការធ្វើរោគវិនិច្ឆ័យ

  • ការរាគរ៉ាំរៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
  • ការសាកសួរដោយលំអិតអំពីប្រវិត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
  • ការពិនិត្យឈាម និងលាមក
  • ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)
  • ការបណ្ដុះមេរោគក្នុងលាមក (coproculture)
  • ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សំរាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរៃនេះ។

ឃ) ការព្យាបាល

ចូលចងចាំដែរថា ការរាគរូសរ៉ាំរៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាលគឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។

“អ្នកជំងឺដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។”