by Soy Seak | Apr 23, 2024 | calmette
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ រវាងអគ្គគិលានុបដ្ឋាយិកា នាយសាល និងជំនួយការរបស់មន្ទីរពេទ្យកាល់ម៉ែតដើម្បីពង្រឹងគុណភាពក្រមសីលធម៌ គុណភាពសេវាថែទាំព្យាបាល និងរៀបចំយន្តការក្នុងការបង្ការត្រួតពិនិត្យការចម្លងរោគឲ្យបានល្អប្រសើរបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយករងបានណែនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយជាមួយនឹងទិសដៅភារកិច្ចស្នូលដូចខាងក្រោម៖
I. ការងារបច្ចេកទេស ថែទាំ និងបដិសណ្ឋារកិច្ចរបស់បុគ្គលិកសុខាភិបាល
- ពេលវេលាមួយវិនាទីរបស់អ្នកជំងឺគឺជាជីវិត គ្រប់ពេលវេលាក្នុងនាមជាបុគ្គលិកសុខាភិបាលដែលធ្វើកិច្ចការសង្រ្គោះជីវិតគឺមិនត្រូវធ្វេសប្រហែសដោយប្រការណាមួយឡើយ គោលបំណងនៃការសង្រ្គោះគឺជាកាតព្វកិច្ចហើយក៏ជាភារកិច្ចនៃការធ្វើបុណ្យកុសល
- ការធ្វើបដិសណ្ឋារកិច្ចដើម្បីអោយមានភាពល្អប្រសើរបន្ថែមទៀតទាក់ទងនិងបំណិនជីវិត ហើយក្នុងនាមជាអ្នកដឹកនាំរបស់នាយសាលគ្រប់រូបក៏ត្រូវចេះកត់សម្គាល់ និងធ្វើអភិបាលកិច្ចគ្រប់ពេលវេលាទៅលើបុគ្គលិក ការធ្វើបដិសណ្ឋារកិច្ចនេះត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនចៀសវាងឲ្យបាននូវបាតុភាពអសកម្មដូចជាមានអាកប្បកិរិយា ឬពាក្យសម្តីមិនសមរម្យ ការជួយតម្រង់ទិសដល់បុគ្គលិកដើម្បីឲ្យមានការប្រាស្រ័យទាក់ទងជាមួយអតិថិជនដែលមកទទួលសេវាប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត ពិព្រោះអ្នកជំងឺនិងក្រុមគ្រួសារគាត់បានប្រាស័យទាក់ទងច្រើនប្រសិនការធ្វើបដិសណ្ឋារកិច្ចយើងល្អនោះសេវាយើងក៍ល្អដែរ កាលណាយើងចង់បង្កើនសេវាមន្ទីពេទ្យល្អគឺត្រូវបង្កើនគុណភាពការងាររបស់គិលានុបដ្ឋាក និងគិលានុបដ្ឋាយិការ
II. ភាពជាអ្នកដឹកនាំរបស់នាយសាល
- ការងារបច្ចេកទេសផ្នែកថែទាំត្រូវដឹកនាំឱ្យចំគោលដៅច្បាស់លាស់ដោយការអនុវត្តវិន័យ និយាយហើយត្រូវធ្វើ ធ្វើជាគំរូទាំងឥរិយាបថ ពាក្យសម្តី និងការអនុវត្តការងារ
- រាល់ការផ្តល់ជូនពត៍មានត្រលប់មកវិញគឺចាត់ទុកជាអំណោយសម្រាប់ធ្វើការត្រិះរិះពិចារណាកែលម្អជាប់ជាប្រចាំ
- ត្រូវមានការលើកទឹកចិត្តជាពាក្យសម្តី ឬជារង្វាន់ទៅលើបុគ្គលិកដែលបានអនុវត្តកិច្ចការងារថែទាំនេះបានល្អ
- ការទទួលអ្នកជំងឺដែលមានបញ្ហាស្មុគស្មាញគឺជាបទពិសោធន៍ល្អនិងបង្ហាញឱ្យឃើញពីសមត្ថភាពរបស់បុគ្គលិក
- ត្រូវមានការណែនាំនិងត្រួតពិនិត្យលើការបណ្តុះបណ្តាលបន្តជាពិសេសការប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តថ្មីទំនើប
- ពង្រឹងការធ្វើបដិសណ្ឋារកិច្ចដោយបន្តអភិបាលកិច្ចលើបុគ្គលិកជាប់ជាប្រចាំព្រមទាំងតម្រង់ទិសដល់បុគ្គលិកដើម្បីឱ្យមានការប្រាស្រ័យទាក់ទងជាមួយអតិថិជនដែលមកទទួលសេវាប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត។
III. ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (INFECTION PREVENTION CONTROLE)
ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (IPC) គឺជារឿងសំខាន់ពិព្រោះ infection nosocomiale ជាកត្តាមួយដែលអាចវាយតម្លៃអំពីចំណុចខ្សោយឬចំណុចខ្លាំងរបស់មន្ទីរពេទ្យ ហើយនាយសាលទាំងអស់ត្រូវមានភាពបុរេសកម្មក្នុងការអន្តរាគមន៍ ករណីសង្ស័យថាជា infection nosocomiale ត្រូវមានទំនាក់ទំនងដោយរាយការណ៍ជាបន្ទាន់មកគណៈកម្មការ IPC របស់មន្ទីរពេទ្យ។
ជាអនុសាសន៏ក្នងការអនុវត្តកិច្ចការងារប្រចាំថ្ងៃសំរាប់សេវាថែទាំត្រូវ ៖
- ធ្វើការឆ្លើយតបទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារឱ្យបានភ្លាមៗដោយពុំមានការពន្យារពេល
- ធ្វើការពន្យល់ជូនអ្នកជំងឺ និងក្រុមគ្រួសារទៅតាមកម្រិតយល់ដឹងបច្ចេកទេសរបស់យើងនិងជួយសម្របសម្រួល
- មានទំនាក់ទំនងល្អជាមួយក្រុមវេជ្ជបណ្ឌិត និងរាយការណ៍ជូនគ្រប់ករណីដែលអ្នកជំងឺបានត្អូញត្អែរ អំពីស្ថានភាពជំងឺរបស់គាត់ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតដឹងនិងរកដំណោះស្រាយជូន
- ចាក់ថ្នាំ ការយកជាតិស្ករក្នុងឈាម ការយកសញ្ញាជីវិត ជាឧទារហរណ៏ ៖ សូមធ្វើឱ្យបានត្រឹមត្រូវទៅតាមការកំណត់របស់ក្រុមការងារបច្ចេកទេស
- មានភាពញញឹមរួសរាយរាក់ទាក់គឹជាចំណុចសំខាន់ក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ សូមប្រើពាក្យពិរោះពិសា ប្រកបដោយឥរិយាបទថ្លៃថ្នូរ និងជាទីទុកចិត្តដោយចៀសវាងការគំរោះគំរើយនិងមានការអត់ធ្មត់ខ្ពស់
- មានគោលជំហរក្នុងនាមជានាយសាលនិងជំនួយការនាយសាលទាំងអស់បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំជាពិសេសមានចំណេះដឹងខ្ពស់លើផ្នែកបច្ចេកទេសនិងដើរតួជាគ្រូបង្គោលសំរាប់ការបណ្តុះបណ្តាលបន្តនៅក្នុងផ្នែករបស់ខ្លួន
- ទទួលយកនៅភារកិច្ចដែលថ្នាក់ដឹកនាំបានផ្តល់ជូនបើទោះបីជាមានកិច្ចការមមាញឹកយ៉ាងណា ការកសាងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនត្រូវតែបន្តប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងនាមជាអ្នកផ្តល់សេវាសុខាភិបាលដ៏ល្អរបស់មន្ទីរពេទ្យកាល់ម៉ែត
- ធ្វើការបើកថ្នាំជូនអ្នកជំងឺឱ្យបានទៀងទាត់ និងទៀងម៉ោង
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន មានប្រសាសន៍ណែនាំឱ្យក្រុមការងារបច្ចេកទេសទាំងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាទាំងអស់រាល់ពេលដែលចូលពិនិត្យអ្នកជំងឺគឺត្រូវតែមានការពន្យល់ទៅជូនអ្នកជំងឺនិងក្រុមគ្រួសារ (ដោយកំណត់និយាមស្តង់ដារទៅតាមផ្នែកពាក់ព័ន្ធនីមួយៗ)។
by Soy Seak | Feb 28, 2024 | calmette
នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារប្រចាំសប្តាហ៍របស់គណៈកម្មាធិការសល្យាគារនៃមន្ទីរពេទ្យកាល់ម៉ែត នៅអគារតេជោអភិវឌ្ឍន៍ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ជាមួយការធ្វើកំណែទម្រង់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយកិច្ចប្រជុំផ្តោតសំខាន់ទៅលើទំនើបកម្មវិទ្យាសាស្រ្តវេជ្ជសាស្រ្ត និងនវានុវត្តន៍ផ្នែកសល្យសាស្រ្តរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលមន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យមួយមានការវិវឌ្ឍឆាប់រហ័ស ទាំងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ហើយបន្តបេសកកម្មឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវបំពេញបន្ថែមទៅលើចំណុចមួយចំនួន ៖
⁃ ការលើកកម្ពស់គុណភាពសេវា និងគុណភាពនៃការព្យាបាលដែលជាសេវាតម្រូវការរបស់ប្រជាជន ជាពិសេសការផ្តោតទៅលើ PATIENT-CENTRED CARE
⁃ការលើកកម្ពស់សេវាតាមការបង្កើនរាល់ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ជាមួយ ឥរិយាបថទន់ភ្លន់ ហ្មត់ចត់ប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក៏ដូចជាការទំនាក់ទំនងល្អជាមួយនិងសហភាតរៈគ្រប់ជាន់ថ្នាក់
-ការគោរពម៉ោងពេលវេលារបស់បុគ្គលិកសុខាភិបាលគឺធ្វើឲ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃនៃគុណភាពសេវា និងគុណភាពព្យាបាលបច្ចេកទេសផ្នែកវះកាត់ ហើយក៏ជួយកាត់បន្ថយការរង់ចាំរបស់អ្នកជំងឺដែលជាការចង់បានរបស់ប្រជាជនយើង
⁃ការបន្តការអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាលដោយប្រើប្រាស់នូវបច្ចេកទេសទំនើបថ្មីៗក្នុងន័យបង្កើនប្រសិទ្ធភាពព្យាបាល ក៏ដូចជាការប្រើប្រាស់នូវប្រព័ន្ធពត៌មានវិទ្យានៅក្នុងបរិបទទំនើបកម្មឌីជីថល
⁃ការរក្សានូវវប្បធម៌ ទម្លាប់ និងប្រព័ន្ធការងារ ល្អ ដើម្បីជាចែករំលែកបទពិសោធចំណេះដឹង ជាពិសេសជំនាញក្នុងភាពជាអ្នកដឹកនាំជាគំរូ និងជំនាញទំនាក់ទំនង ដែលមន្ទីរពេទ្យកាល់ម៉ែតជាកន្លែងបណ្តុះបណ្តាល និងជាកន្លែងផ្តល់សេវាគុណភាពដល់ល្អប្រសើរ
ជាមតិផ្តាំផ្ញើរនាកិច្ចប្រជុំប្រចាំសប្តាហ៏នេះ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានបញ្ជាក់អំពី ៖
1- បុគ្កលិកសុខាភិបាលត្រូវរក្សានូវគុណជាតិល្អៗ ដូចជាសេចក្តីអាណិតអាសូរ ការយកចិត្តទុកដាក់ក្នុងការងារ ការស្រឡាញ់រាប់អាន និងការខិតខំរៀនសូត្រជាប្រចាំឱ្យកាន់តែជាទីទុកចិត្តរបស់ប្រជាជនខ្មែរ។
2- ការសម្រេចការងារឱ្យកាន់តែល្អទាំងអស់គ្នាគឺយើងម្នាក់ៗត្រូវចូលរួមគ្នា ដើម្បីទិសដៅរួមគ្នា និងលទ្ធផលរួមគ្នាក្នុងអត្ថន័យកិច្ចការងារជាក្រុមជាប់ជាប្រចាំ។
3- ផ្នែកវះកាត់គឺជាផ្នែកមួយដ៏សំខាន់របស់មន្ទីរពេទ្យកាល់ម៉ែត ដែលស្ថិតក្នុងប្រព័ន្ធមួយជាទីពឹងពាក់របស់ប្រជាជនគ្រប់រូប ហើយមន្ទីរពេទ្យកាល់ម៉ែតខិតខំធ្វើការដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យក្រសួងសុខាភិបាល ចក្ខុវិស័យរបស់មន្ទីរពេទ្យកាល់ម៉ែត នោះគឺវិស័យសុខាភិបាលជាទីទុកចិត្តសម្រាប់ប្រជាជនយើង ញាតិមិត្តយើង និងសម្រាប់ខ្លួនយើង។
by Soy Seak | Feb 14, 2024 | calmette
នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត បានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំការងារប្រចាំខែ ផ្នែកជំងឺមហារីក និងជំងឺឈាម នាអគារតេជោតេជោសន្តិភាព។
- កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ៖
- វិន័យម៉ោងពេលការងារ
- ឥរិយាបទ និងការទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងសហភាតារៈ
- ពង្រឹងបណ្តុះបណ្តាលធនធានមនុស្ស និងការងារបច្ចេកទេសនៃសេវាព្យាបាលអ្នកជំងឺមហារីក
- ចូលរួមក្នុងការបណ្តុះបណ្តាលបន្តជាពិសេស
- ទិសដៅការងារ ដើម្បីជម្រុញការងារផ្តល់សេវាព្យាបាលជំងឺមហារីកឲ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពខ្ពស់ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយករងក៏បានផ្តោតសំខាន់ទៅលើកត្តា ៤ ចំណុច ៖
១– ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងចក្ខុវិស័យរបស់មន្ទីរពេទ្យកាល់ម៉ែត គឺតែមួយ ពោលគឺកែលម្អវិស័យសុខាភិបាលឱ្យកាន់តែជាទីទុកចិត្តរបស់ប្រជាជនខ្មែរ។
២– យើងម្នាក់ៗត្រូវកសាង និងរក្សានូវគុណជាតល្អៗដូចជាសេចក្ដីអាណិតអាសូរ ការយកចិត្តទុកដាក់ក្នុងការងារ ការស្រឡាញ់រាប់អាន និងការខិតខំរៀនសូត្រជាប្រចាំ។
៣– យើងធ្វើការរួមគ្នា ដើម្បីប្រយោជន៍រួម ហើយដើម្បីសម្រេចការងារឱ្យកាន់តែល្អទាំងអស់គ្នា។
៤– ផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត គឺជាផ្នែកមហារីកឈានមុខគេ និងជាគំរូក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវខិតខំធ្វើការទាំងអស់គ្នាដើម្បីសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ចក្ខុវិស័យរបស់មន្ទីរពេទ្យកាល់ម៉ែត ចក្ខុវិស័យរបស់ផ្នែកមហារីក ក៏ដូចជាចក្ខុវិស័យរបស់យើងម្នាក់ៗ នោះគឺវិស័យសុខាភិបាលជាទីទុកចិត្តសម្រាប់ប្រជាជនយើង ញាតិមិត្តយើង និងសម្រាប់ខ្លួនយើង។
by Soy Seak | Jan 17, 2024 | Consultation Externe
ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។
ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖
ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ
- ការរលាកថ្លើម ឫក្រិនថ្លើម
- គ្រួសក្នុងថង់ទឹកប្រម៉ាត់
- ការរលាកលំពែងរ៉ាំរ៉ៃ
- ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ
- មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)
ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។
ខ) រោគសញ្ញារួមមាន៖
- ការឡើងលឿងតាមស្បែក និងភ្នែក
- រមាស់លើស្បែក
- លាមកពណ៌ស
- ទឹកនោមលឿងចាស់
- រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា៖
- ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ
- ស្ទាបប៉ះដុំពោះ
- ថ្លើមរីក
- ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។
គ) ការធ្វើរោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។
ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។
ឃ) ការព្យាបាល៖
ការព្យាបាលខាន់លឿងមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្ករជំងឺ ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។
ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្នើសុំនូវការវិភាគអមវេជ្ជសាស្ត្រ មួយចំនួនដែលមានលក្ខណៈចាំបាច់សំរាប់អ្នកជំងឺ។
“ដូច្នេះបើលោកអ្នកមានលេចចេញនូវរោគសញ្ញាកើតលឿងដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័សទាន់ពេលវេលា រួមជាមួយវិធីសាស្ត្រនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។”
by Soy Seak | Jan 17, 2024 | Neurology
ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។
១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖
- អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
- អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។
២) រោគសញ្ញា៖
- ឈឺក្បាលខ្លាំង ភ្លាមៗ
- មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)
- វង្វេងស្មារតី ឬសន្លប់
៣) មូលហេតុ៖
យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖
- ជំងឺទឹកនោមផ្អែម
- ការពិសារស្រា និងបារីច្រើន
៤) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។
៥) ការព្យាបាល៖
ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖
- គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
- ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
- ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។
ខ) ការព្យាបាលដោយការវះកាត់៖
គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។
យើងធ្វើការវះកាត់នៅពេលដែល៖
- ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
- អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
- ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង
“បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត ជាមួយនឹងក្រុមការងារចំរុះគ្រូពេទ្យឯកទេស ផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាលច្បាស់លាស់ ដែលទទួលបាននូវបទពិសោធន៏ និងការបណ្តុះបណ្តាលជំនាញនៅប្រទេសបារាំងជាច្រើនឆ្នាំ គួបផ្សំនឹងលទ្ធភាពនៃសំភារៈបរិក្ខារវះកាត់បច្ចេកវិទ្យាទំនើបៗ បាន និងកំពុងទទួលពិគ្រោះ និងព្យាបាលវះកាត់គ្រប់ករណី និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាម ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺយើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។”