ការរាគរ៉ាំរៃ ជាបញ្ហាមួយដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ។
ក) មូលហេតុ
- កត្តាបង្កឲ្យមានការរាគរ៉ាំរៃគឺមានច្រើន ហើយពេលខ្លះគឺតម្រូវអោយមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្រ្តលក្ខណៈឯកទេសផងដែរដូចជាៈ
- ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ
- ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire)
- ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux)
- មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)
- ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie)
- ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ
- ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)
- វាក៏អាចបណ្តាលមកពីការពិសារឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។)
ខ) រោគសញ្ញា
- រោគសញ្ញាដែលអាចមានអមមកជាមួយការរាគរូសរ៉ាំរៃមានៈ
- ក្តៅខ្លួន រងារញាក់
- ឈឺចុកចាប់ក្នុងពោះ
- លាមកមានលាយឈាម សំបោរ ឬខ្ទុះ
- ស្រកទម្ងន់លឿន និងខុសពីធម្មតា
- អស់កម្លាំង ល្ហិតល្ហៃ
- ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
- មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
- ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាគរូសរ៉ាំរៃនេះ។ល។
គ) ការធ្វើរោគវិនិច្ឆ័យ
- ការរាគរ៉ាំរៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
- ការសាកសួរដោយលំអិតអំពីប្រវិត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
- ការពិនិត្យឈាម និងលាមក
- ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)
- ការបណ្ដុះមេរោគក្នុងលាមក (coproculture)
- ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សំរាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរៃនេះ។
ឃ) ការព្យាបាល
ចូលចងចាំដែរថា ការរាគរូសរ៉ាំរៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាលគឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។
“អ្នកជំងឺដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។”