នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ រវាងអគ្គគិលានុបដ្ឋាយិកា នាយសាល និងជំនួយការរបស់មន្ទីរពេទ្យកាល់ម៉ែតដើម្បីពង្រឹងគុណភាពក្រមសីលធម៌ គុណភាពសេវាថែទាំព្យាបាល និងរៀបចំយន្តការក្នុងការបង្ការត្រួតពិនិត្យការចម្លងរោគឲ្យបានល្អប្រសើរបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយករងបានណែនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយជាមួយនឹងទិសដៅភារកិច្ចស្នូលដូចខាងក្រោម៖
I. ការងារបច្ចេកទេស ថែទាំ និងបដិសណ្ឋារកិច្ចរបស់បុគ្គលិកសុខាភិបាល
- ពេលវេលាមួយវិនាទីរបស់អ្នកជំងឺគឺជាជីវិត គ្រប់ពេលវេលាក្នុងនាមជាបុគ្គលិកសុខាភិបាលដែលធ្វើកិច្ចការសង្រ្គោះជីវិតគឺមិនត្រូវធ្វេសប្រហែសដោយប្រការណាមួយឡើយ គោលបំណងនៃការសង្រ្គោះគឺជាកាតព្វកិច្ចហើយក៏ជាភារកិច្ចនៃការធ្វើបុណ្យកុសល
- ការធ្វើបដិសណ្ឋារកិច្ចដើម្បីអោយមានភាពល្អប្រសើរបន្ថែមទៀតទាក់ទងនិងបំណិនជីវិត ហើយក្នុងនាមជាអ្នកដឹកនាំរបស់នាយសាលគ្រប់រូបក៏ត្រូវចេះកត់សម្គាល់ និងធ្វើអភិបាលកិច្ចគ្រប់ពេលវេលាទៅលើបុគ្គលិក ការធ្វើបដិសណ្ឋារកិច្ចនេះត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនចៀសវាងឲ្យបាននូវបាតុភាពអសកម្មដូចជាមានអាកប្បកិរិយា ឬពាក្យសម្តីមិនសមរម្យ ការជួយតម្រង់ទិសដល់បុគ្គលិកដើម្បីឲ្យមានការប្រាស្រ័យទាក់ទងជាមួយអតិថិជនដែលមកទទួលសេវាប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត ពិព្រោះអ្នកជំងឺនិងក្រុមគ្រួសារគាត់បានប្រាស័យទាក់ទងច្រើនប្រសិនការធ្វើបដិសណ្ឋារកិច្ចយើងល្អនោះសេវាយើងក៍ល្អដែរ កាលណាយើងចង់បង្កើនសេវាមន្ទីពេទ្យល្អគឺត្រូវបង្កើនគុណភាពការងាររបស់គិលានុបដ្ឋាក និងគិលានុបដ្ឋាយិការ
II. ភាពជាអ្នកដឹកនាំរបស់នាយសាល
- ការងារបច្ចេកទេសផ្នែកថែទាំត្រូវដឹកនាំឱ្យចំគោលដៅច្បាស់លាស់ដោយការអនុវត្តវិន័យ និយាយហើយត្រូវធ្វើ ធ្វើជាគំរូទាំងឥរិយាបថ ពាក្យសម្តី និងការអនុវត្តការងារ
- រាល់ការផ្តល់ជូនពត៍មានត្រលប់មកវិញគឺចាត់ទុកជាអំណោយសម្រាប់ធ្វើការត្រិះរិះពិចារណាកែលម្អជាប់ជាប្រចាំ
- ត្រូវមានការលើកទឹកចិត្តជាពាក្យសម្តី ឬជារង្វាន់ទៅលើបុគ្គលិកដែលបានអនុវត្តកិច្ចការងារថែទាំនេះបានល្អ
- ការទទួលអ្នកជំងឺដែលមានបញ្ហាស្មុគស្មាញគឺជាបទពិសោធន៍ល្អនិងបង្ហាញឱ្យឃើញពីសមត្ថភាពរបស់បុគ្គលិក
- ត្រូវមានការណែនាំនិងត្រួតពិនិត្យលើការបណ្តុះបណ្តាលបន្តជាពិសេសការប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តថ្មីទំនើប
- ពង្រឹងការធ្វើបដិសណ្ឋារកិច្ចដោយបន្តអភិបាលកិច្ចលើបុគ្គលិកជាប់ជាប្រចាំព្រមទាំងតម្រង់ទិសដល់បុគ្គលិកដើម្បីឱ្យមានការប្រាស្រ័យទាក់ទងជាមួយអតិថិជនដែលមកទទួលសេវាប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត។
III. ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (INFECTION PREVENTION CONTROLE)
ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (IPC) គឺជារឿងសំខាន់ពិព្រោះ infection nosocomiale ជាកត្តាមួយដែលអាចវាយតម្លៃអំពីចំណុចខ្សោយឬចំណុចខ្លាំងរបស់មន្ទីរពេទ្យ ហើយនាយសាលទាំងអស់ត្រូវមានភាពបុរេសកម្មក្នុងការអន្តរាគមន៍ ករណីសង្ស័យថាជា infection nosocomiale ត្រូវមានទំនាក់ទំនងដោយរាយការណ៍ជាបន្ទាន់មកគណៈកម្មការ IPC របស់មន្ទីរពេទ្យ។
ជាអនុសាសន៏ក្នងការអនុវត្តកិច្ចការងារប្រចាំថ្ងៃសំរាប់សេវាថែទាំត្រូវ ៖
- ធ្វើការឆ្លើយតបទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារឱ្យបានភ្លាមៗដោយពុំមានការពន្យារពេល
- ធ្វើការពន្យល់ជូនអ្នកជំងឺ និងក្រុមគ្រួសារទៅតាមកម្រិតយល់ដឹងបច្ចេកទេសរបស់យើងនិងជួយសម្របសម្រួល
- មានទំនាក់ទំនងល្អជាមួយក្រុមវេជ្ជបណ្ឌិត និងរាយការណ៍ជូនគ្រប់ករណីដែលអ្នកជំងឺបានត្អូញត្អែរ អំពីស្ថានភាពជំងឺរបស់គាត់ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតដឹងនិងរកដំណោះស្រាយជូន
- ចាក់ថ្នាំ ការយកជាតិស្ករក្នុងឈាម ការយកសញ្ញាជីវិត ជាឧទារហរណ៏ ៖ សូមធ្វើឱ្យបានត្រឹមត្រូវទៅតាមការកំណត់របស់ក្រុមការងារបច្ចេកទេស
- មានភាពញញឹមរួសរាយរាក់ទាក់គឹជាចំណុចសំខាន់ក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ សូមប្រើពាក្យពិរោះពិសា ប្រកបដោយឥរិយាបទថ្លៃថ្នូរ និងជាទីទុកចិត្តដោយចៀសវាងការគំរោះគំរើយនិងមានការអត់ធ្មត់ខ្ពស់
- មានគោលជំហរក្នុងនាមជានាយសាលនិងជំនួយការនាយសាលទាំងអស់បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំជាពិសេសមានចំណេះដឹងខ្ពស់លើផ្នែកបច្ចេកទេសនិងដើរតួជាគ្រូបង្គោលសំរាប់ការបណ្តុះបណ្តាលបន្តនៅក្នុងផ្នែករបស់ខ្លួន
- ទទួលយកនៅភារកិច្ចដែលថ្នាក់ដឹកនាំបានផ្តល់ជូនបើទោះបីជាមានកិច្ចការមមាញឹកយ៉ាងណា ការកសាងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនត្រូវតែបន្តប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងនាមជាអ្នកផ្តល់សេវាសុខាភិបាលដ៏ល្អរបស់មន្ទីរពេទ្យកាល់ម៉ែត
- ធ្វើការបើកថ្នាំជូនអ្នកជំងឺឱ្យបានទៀងទាត់ និងទៀងម៉ោង
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន មានប្រសាសន៍ណែនាំឱ្យក្រុមការងារបច្ចេកទេសទាំងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាទាំងអស់រាល់ពេលដែលចូលពិនិត្យអ្នកជំងឺគឺត្រូវតែមានការពន្យល់ទៅជូនអ្នកជំងឺនិងក្រុមគ្រួសារ (ដោយកំណត់និយាមស្តង់ដារទៅតាមផ្នែកពាក់ព័ន្ធនីមួយៗ)។