កិច្ចប្រជុំការងារប្រចាំសប្តាហ៍របស់គណៈកម្មាធិការសល្យាគារនៃមន្ទីរពេទ្យកាល់ម៉ែត

Feb 28, 2024 | calmette | 0 comments

នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារប្រចាំសប្តាហ៍របស់គណៈកម្មាធិការសល្យាគារនៃមន្ទីរពេទ្យកាល់ម៉ែត នៅអគារតេជោអភិវឌ្ឍន៍ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ជាមួយការធ្វើកំណែទម្រង់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយកិច្ចប្រជុំផ្តោតសំខាន់ទៅលើទំនើបកម្មវិទ្យាសាស្រ្តវេជ្ជសាស្រ្ត និងនវានុវត្តន៍ផ្នែកសល្យសាស្រ្តរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលមន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យមួយមានការវិវឌ្ឍឆាប់រហ័ស ទាំងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ហើយបន្តបេសកកម្មឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវបំពេញបន្ថែមទៅលើចំណុចមួយចំនួន ៖
⁃ ការលើកកម្ពស់គុណភាពសេវា និងគុណភាពនៃការព្យាបាលដែលជាសេវាតម្រូវការរបស់ប្រជាជន ជាពិសេសការផ្តោតទៅលើ PATIENT-CENTRED CARE
⁃ការលើកកម្ពស់សេវាតាមការបង្កើនរាល់ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ជាមួយ ឥរិយាបថទន់ភ្លន់ ហ្មត់ចត់ប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក៏ដូចជាការទំនាក់ទំនងល្អជាមួយនិងសហភាតរៈគ្រប់ជាន់ថ្នាក់
-ការគោរពម៉ោងពេលវេលារបស់បុគ្គលិកសុខាភិបាលគឺធ្វើឲ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃនៃគុណភាពសេវា និងគុណភាពព្យាបាលបច្ចេកទេសផ្នែកវះកាត់ ហើយក៏ជួយកាត់បន្ថយការរង់ចាំរបស់អ្នកជំងឺដែលជាការចង់បានរបស់ប្រជាជនយើង
⁃ការបន្តការអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាលដោយប្រើប្រាស់នូវបច្ចេកទេសទំនើបថ្មីៗក្នុងន័យបង្កើនប្រសិទ្ធភាពព្យាបាល ក៏ដូចជាការប្រើប្រាស់នូវប្រព័ន្ធពត៌មានវិទ្យានៅក្នុងបរិបទទំនើបកម្មឌីជីថល
⁃ការរក្សានូវវប្បធម៌ ទម្លាប់ និងប្រព័ន្ធការងារ ល្អ ដើម្បីជាចែករំលែកបទពិសោធចំណេះដឹង ជាពិសេសជំនាញក្នុងភាពជាអ្នកដឹកនាំជាគំរូ និងជំនាញទំនាក់ទំនង ដែលមន្ទីរពេទ្យកាល់ម៉ែតជាកន្លែងបណ្តុះបណ្តាល និងជាកន្លែងផ្តល់សេវាគុណភាពដល់ល្អប្រសើរ
ជាមតិផ្តាំផ្ញើរនាកិច្ចប្រជុំប្រចាំសប្តាហ៏នេះ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានបញ្ជាក់អំពី ៖
1- បុគ្កលិកសុខាភិបាលត្រូវរក្សានូវគុណជាតិល្អៗ ដូចជាសេចក្តីអាណិតអាសូរ ការយកចិត្តទុកដាក់ក្នុងការងារ ការស្រឡាញ់រាប់អាន និងការខិតខំរៀនសូត្រជាប្រចាំឱ្យកាន់តែជាទីទុកចិត្តរបស់ប្រជាជនខ្មែរ។
2- ការសម្រេចការងារឱ្យកាន់តែល្អទាំងអស់គ្នាគឺយើងម្នាក់ៗត្រូវចូលរួមគ្នា ដើម្បីទិសដៅរួមគ្នា និងលទ្ធផលរួមគ្នាក្នុងអត្ថន័យកិច្ចការងារជាក្រុមជាប់ជាប្រចាំ។
3- ផ្នែកវះកាត់គឺជាផ្នែកមួយដ៏សំខាន់របស់មន្ទីរពេទ្យកាល់ម៉ែត ដែលស្ថិតក្នុងប្រព័ន្ធមួយជាទីពឹងពាក់របស់ប្រជាជនគ្រប់រូប ហើយមន្ទីរពេទ្យកាល់ម៉ែតខិតខំធ្វើការដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យក្រសួងសុខាភិបាល ចក្ខុវិស័យរបស់មន្ទីរពេទ្យកាល់ម៉ែត នោះគឺវិស័យសុខាភិបាលជាទីទុកចិត្តសម្រាប់ប្រជាជនយើង ញាតិមិត្តយើង និងសម្រាប់ខ្លួនយើង។