ខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក!

Jan 17, 2024 | Consultation Externe | 0 comments

ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។

ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖

ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ

  • ការរលាកថ្លើម ឫក្រិនថ្លើម
  • គ្រួសក្នុងថង់ទឹកប្រម៉ាត់
  • ការរលាកលំពែងរ៉ាំរ៉ៃ
  • ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ
  • មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)

ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។

ខ) រោគសញ្ញារួមមាន៖

  • ការឡើងលឿងតាមស្បែក និងភ្នែក
  • រមាស់លើស្បែក
  • លាមកពណ៌ស
  • ទឹកនោមលឿងចាស់
  • រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា៖
    • ​ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ
    • ស្ទាបប៉ះដុំពោះ
    • ថ្លើមរីក
    • ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។

គ) ការធ្វើរោគវិនិច្ឆ័យ៖

រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។

ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។

ឃ) ការព្យាបាល៖

ការព្យាបាលខាន់លឿងមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្ករជំងឺ ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។

ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្នើសុំនូវការវិភាគអមវេជ្ជសាស្ត្រ មួយចំនួនដែលមានលក្ខណៈចាំបាច់សំរាប់អ្នកជំងឺ។

“ដូច្នេះបើលោកអ្នកមានលេចចេញនូវរោគសញ្ញាកើតលឿងដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័សទាន់ពេលវេលា រួមជាមួយវិធីសាស្ត្រនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។”